#cambodge : SAM Rainsy : Politique de création d’emploi

  • Post author:
  • Post category:CNRP

២៩ ធ្នូ ២០១៥ – នយោបាយបង្កើតការងារ / 29 December 2015 – Job creation policy.

ខាងក្រោមនេះ ជារូបថត បង្ហាញពី ទិដ្ឋភាពប្រជាពលរដ្ឋអត់ការងារធ្វើ នៅស្រុកយើងសព្វថ្ងៃ ដែលជាហេតុនាំឲ្យជនជាតិខ្មែរប្រមាណ ១ លាននាក់ បង្ខំចិត្តចំណាកស្រុក ទៅសីុឈ្នួលគេនៅប្រទេសថៃដើម្បីបន្តរស់។ The photo below shows an aspect of unemployment in Cambodia, which compels about one million Khmer citizens to become migrant workers in Thailand in order to survive.

នយោបាយសេដ្ឋកិច្ច ដើម្បីបង្កើតការងារ ឲ្យប្រជាពលរដ្ឋនៅក្នុងស្រុក (ថ្ងៃនេះ សូមអានភាគទី ៣)

សង្ខេប ពី អត្ថបទមុនៗ ៖

– ចំណាប់អារម្មណ៍នាំចូលសាច់រឿង ៖ នៅប្រទេសកម្ពុជាសព្វថ្ងៃ យុវជនដែលអត់ការងារធ្វើត្រឹមត្រូវ មានចំនួនរហូតដល់ទៅ ៧០% នៃចំនួនយុវជនសរុប (ពលរដ្ឋអាយុពី ១៨ឆ្នាំ ដល់ ៣៥ឆ្នាំ) ទូទាំងប្រទេស។ ការងារត្រឹមត្រូវ គឺជាការងារពិតប្រាកដ ដែលផ្តល់ឲ្យអ្នកធ្វើការម្នាក់ៗ នូវប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីរស់បាន យ៉ាងសមរម្យ ទៀងទាត់ និងថ្លៃថ្នូរ។ ព័ត៌មានលម្អិត សូមចូលមើល http://tinyurl.com/q6nlzdq

– ភាគទី ១ ៖ ក្នុងនយោបាយសេដ្ឋកិច្ច ដើម្បីបង្កើតការងារឲ្យប្រជាពលរដ្ឋ មានកត្តា ២ ជាគន្លឹះ គឺផលិតភាព (productivity) និង តម្លៃបន្ថែម (value added)។ នៅស្រុកខ្មែរយើងសព្វថ្ងៃ ប្រជាពលរដ្ឋជាច្រើនខ្វះការងារធ្វើ ដោយសារតែរដ្ឋាភិបាល គ្មានចក្ខុវិស័យ គ្មានឆន្ទ: ឬគ្មានសមត្ថភាព ដើម្បីយកចិត្តទុកដាក់លើកត្តាទាំង ២ នេះ។ ព័ត៌មានលម្អិត សូមចូលមើលhttp://tinyurl.com/otwmea6

– ភាគទី ២ ៖ តើគេវាស់វែង ផលិតភាព (productivity) យ៉ាងដូចម្តេច ? ផលិតភាព ជាកត្តាកំណត់ជោគជ័យសេដ្ឋកិច្ច សម្រាប់សហគ្រាសនីមួយៗ ក៏ដូចជាសម្រាប់ប្រទេសនីមួយៗដែរ។ ការកើនឡើងនៃផលិតភាព នាំមកនូវការកើនឡើងនៃ ប្រាក់ចំណូលនិងប្រាក់ចំណេញ និង ការកើនឡើងនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ព័ត៌មានលម្អិត សូមចូលមើល http://tinyurl.com/pu63dvp

– ភាគទី ៣ (ថ្ងៃនេះ) ៖ តើធ្វើយ៉ាងដូចម្តេច ដើម្បីបង្កើន ផលិតភាព (productivity) សម្រាប់ប្រទេសកម្ពុជាទាំងមូល?
ផលិតភាព ឆ្លុះបញ្ចាំងប្រសិទ្ធភាព ក្នុងផលិតកម្ម។ ផលិតភាពកាន់តែខ្ពស់ ពេលណាផលិតផលកាន់តែច្រើន (ហើយមានតម្លៃកាន់តែខ្ពស់ដែរ) តែចំណាយផ្សេងៗទ្រទ្រង់ផលិតកម្មនោះ កាន់តែតិច។
ការបង្កើតការងារថ្មីឲ្យប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ធ្វើទៅបានពេលណាយើងបង្កើនផលិតភាព នៃកសិកម្ម និង ឧស្សាហកម្មរបស់យើង ពីព្រោះការបង្កើនផលិតភាពនេះ គឺជាការបង្កើនសមត្ថភាពប្រកួតប្រជែង (competitiveness) របស់យើង ដើម្បីអាចប្រកួតឈ្នះគេបាន លើទីផ្សារអន្តរជាតិ។ ប្រកួតឈ្នះគេបាន មានន័យថា យើងអាចបញ្ចេញដាក់លក់លើទីផ្សារនូវផលិតផល (products) ប្រកបដោយគុណភាពខ្ពស់ (ល្អមិនចាញ់គេ ឬល្អលើសគេ) និងក្នុងតម្លៃទាបសមរម្យ (លក់មិនថ្លៃជាងគេ ឬថោកជាងគេ)។
ដើម្បីបង្កើនផលិតភាព នៃពលកម្ម (labour productivity) នៅប្រទេសកម្ពុជា យើងត្រូវ ៖
១- បណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានជំនាញបច្ចេកទេស ស្របទៅនឹងសេចក្តីត្រូវការ របស់ទីផ្សារអន្តរជាតិ។
២- រៀបចំប្រព័ន្ធស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីមកប្រើប្រាស់ (research & development)។
៣- ជម្រុញឲ្យបង្កើនទុនវិនិយោគ លើ ឧបករណ៍ សម្ភារៈ និង បច្ចេកទេសទំនើបបំផុត ក្នុងផលិតកម្មកែឆ្នៃ (processing industries)។ ជម្រុញឲ្យមានការផ្ទេរបច្ចេកវិទ្យាពីស្រុកគេមកស្រុកយើង។

ក្នុងវិស័យទាំង ៣ ខាងលើនេះ រដ្ឋាភិបាលសព្វថ្ងៃមិនអាច ធ្វើបានត្រឹមត្រូវទេ ដោយសារបញ្ហាអភិបាលកិច្ច (ខ្វះចក្ខុវិស័យ ខ្វះឆន្ទ:នយោបាយ ខ្វះសមត្ថភាព និងខ្វះភាពសុចរិត)។ ជាពិសេស ប្រព័ន្ធអប់រំសព្វថ្ងៃ មានកង្វះខាតយ៉ាងធ្ងន់ធ្ងរ ហើយអ្នកវិនិយោគទុនសព្វថ្ងៃ ភាគច្រើនចេះតែសូកប៉ាន់ ហើយវិនិយោគខុសទិសដៅ ដូចជាជួញដូរដី និងកាប់ឈើ ដែលជាសកម្មភាព ធ្វើនំអត់ម្សៅ គ្មានបង្កើតការងារអ្វីទេឲ្យប្រជាពលរដ្ឋ។

ដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជន មានការងារល្អប្រសើរគ្រប់គ្នា ត្រូវតែប្តូរនយោបាយសេដ្ឋកិច្ចតែម្តង។

លើកក្រោយ សូមអាន
– ភាគទី ៤ ៖ ភាពចាំបាច់ នៃការបង្កើនផលិតភាព ក្នុងវិស័យកសិកម្ម (agricultural productivity)។ តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យកសិករខ្មែរ អាចប្រកួតប្រជែងបាន ជាមួយកសិករនៃប្រទេសជិតខាង?
– ភាគទី ៥ ៖ តើអ្វីទៅ ដែលហៅថា តម្លៃបន្ថែម (value added)? ពេលណាតម្លៃបន្ថែមកើនឡើង ពេលនោះប្រាក់ខែពលករក៏កើនឡើងដែរ។

______________________________________

ព័ត៌មានជាចំណេះដឹង។ ចំណេះដឹងជាអាវុធដ៏ស័ក្តិសិទ្ធបំផុត ដើម្បីនាំមកនូវការផ្លាស់ប្តូរ។ ផ្លាស់ប្តូរមុនដំបូង គឺក្នុងចិត្តគំនិតរបស់ប្រជាពលរដ្ឋ។ ផ្លាស់ប្តូរបន្ទាប់មក គឺក្នុងសង្គមតែម្តង ឆ្ពោះទៅរកលទ្ធិប្រជាធិប តេយ្យ និងភាពរុងរឿង។ / Information is knowledge; knowledge is the most effective weapon to bring about change. The initial change takes place in the mindset of the population. The subsequent change is the transformation of society towards democracy and progress.