#cambodia : Poems in khmer you must read ! Poemes en khmer à lire !

ប្រាជ្ញ​អើយ​ភ្ញាក់​ឡើង

១.   សម័យ​ឥឡូវ   អ្នកខ្លៅ​គ្រង​ប្រាជ្ញ      ព្រោះ​អាង​អំណាច    ទឹកប្រាក់​សុទ្ធ​ត្រូវ        
ប្រាជ្ញ​គោរព​ច្បាប់    មិន​បំពាន​ខ្លៅ       ឯ​រឿងអាស្រូវ           ខ្លៅ​ធ្វើ​ទាំងអស់។

២.   ខ្លៅ​ប្រព្រឹត្ត​កាច      គ្មាន​ស្ដាយ​ស្រណោះ      ខ្លៅ​គិត​អាឡោះ         ត្រឹមតែ​ប្រាក់កាស
អំណាច​ផ្ទាល់ខ្លួន          ខ្លៅ​ធ្វើ​ឯង​ណាស់        ឯ​ប្រាជ្ញ​វិញ​ខ្វះ             តែ​ភាព​ក្លាហាន។

៣.   ប្រាជ្ញ​សំងំ​សុខ           ស្រុក​គេ​បំពាន         ក្លាហាន​ប្រាជ្ញ​គ្មាន      ខ្លៅ​បំពាន​ខ្លាំង
ប្រាជ្ញ​អាង​ចំណេះ     ខ្លៅ​អាង​កម្លាំង     ប្រាជ្ញ​មិន​តតាំង         សុខ​ត្រឹម​អាត្មា។

៤.   ប្រាជ្ញ​អើយ​ភ្ញាក់​ឡើង     ព្រម​ដោយ​ហានក្លា        ជួយ​ស្រង់​ខេមរា       ឲ្យ​ផុត​វឹកវរ
ប្រាជ្ញ​ត្រូវ​ដឹក​ខ្លៅ     ឆ្ពោះ​ទៅ​រក​ល្អ    ឲ្យ​ស្គាល់​ខ្មៅ​ស      បាប​បុណ្យ​គុណ​ទោស។

៥.   ប្រាជ្ញ​អើយ​អាសូរ          ដល់​ខ្មែរ​ស្រី​ប្រុស         មេត្តា​សន្ដោស      ដល់​ខ្មែរ​ក្រីក្រ
ដោះស្រាយ​ឲ្យ​ឆាប់        ចំណាប់​បាន​ល្អ         ខ្លៅ​នឹង​លែង​ត         រឿង​អាង​ប្រាក់​ទៀត។

៦.   បើ​ប្រាជ្ញ​ភ្ញាក់ខ្លួន       ខ្មែរ​បាត់​វិវាទ     ខ្លៅ​លែង​ពាល​ទៀត         ញាតិ​ចូល​ចិត្ត​ប្រាជ្ញ
​ខ្មែរ​ទាំង​ស្រី​ប្រុស       ត្រូវ​តែ​អង់អាច        ដេញ​ខ្មាំង​កុំ​ខ្លាច         ប្រាជ្ញ​មាន​តម្លៃ៕​          

 

រួម​គ្នា​ជួយ​ស្រាយ

 

១. អាណិត​ទន្លេ ពេញ​ដោយ​ផ្ទះ​ទឹក ទាំង​ល្ងាច​យប់​ព្រឹក ទឹក​ពេញ​ដោយ​ផ្ទះ បណ្ដែត​រាយប៉ាយ ក្លិន​ស្អុយ​ឆ្អាប​ឆ្អេះ រដ្ឋ​ខ្មែរ​ជាន់​នេះ ពិបាក​ចាត់ចែង។

២. អាណិត​មច្ឆា ត្រី​ក្រាញ់​អណ្ដែង ក្លិន​ប្រេង​ក្លិន​ផ្សែង ជាតិ​ពុល​ពេញ​ទឹក ពលរដ្ឋ​ធ្លាប់​ប្រើ រាល់​ពេល​យប់​ព្រឹក ពេល​នេះ​ទឹក​ផឹក លែង​បាន​ដូច​មុន។

៣. អាណិត​ធម្មជាតិ ជួប​រឿង​ស៊យ​ស៊ុន ប្រែ​ខុស​ពី​មុន ធន​ចេះ​តែ​ខ្សត់ រាស្ត្រ​ត្រូវ​ដាច់​ស្បៀង ភូមិ​លែង​សប្បាយ ជាតិ​មក​ពី​ឆ្ងាយ ជ្រៀត​នៅ​ឥត​ក្រែង។

៤. អាណិត​ខ្មែរ​ក្រោយ ជួប​ទុក្ខ​មិន​លែង ជាតិ​គេ​ឥត​ក្រែង មក​បំផ្លាញ​ខ្មែរ អុកឡុក​គ្រប់​ទី មិន​ថា​ក្រុង​ស្រែ ជាតិ​អើយ​ជាតិ​ខ្មែរ ថ្ងៃ​ណា​ផុត​ភ័យ។

៥. អាណិត​បឹងបួ រាក់​រាល់​តែ​ថ្ងៃ គ្មាន​អ្នក​ខ្វល់​អី បើក​ឲ្យ​គេ​នៅ ផ្ទះ​បណ្ដែត​ទឹក នាំ​រឿង​អាស្រូវ សូម​គិត​មើល​ទៅ ត្រូវ​ដោះ​ឲ្យ​ឆាប់។

៦. បើ​មិន​ដោះ​ទេ ខ្មែរ​មុខ​នឹង​ស្លាប់ ផ្ទះ​ទឹក​សម្លាប់ មច្ឆា​ទាំងអស់ ផ្ទះ​ទឹក​បំពុល ទឹក​គ្មាន​ស្រណោះ សូម​ខ្មែរ​ស្រី​ប្រុស រួម​គ្នា​ជួយ​ស្រាយ៕