មាន អត្ថន័យ ខ្ពស់។
សូមកុំភ្លេច កត្តាប្រវត្តិសាស្ត្រ
ដែលជាកត្តាចម្បងមួយ សំខាន់ ដៃរ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវតែហ៊ានផ្សព្វផ្សាយ ជាសាធារណៈនូវ
១ – និយាមកាភូមិសាស្ត្របង្គោលដែលបានបោះរួចហើយ ក៏ដូចជាខ្សែបន្ទាត់ព្រំដែនជាមួយឡាវ និងវៀតណាម
២ – និយាមកាភូមិសាស្ត្របង្គោលព្រំដែនជាមួយប្រទេសថៃ (ទាំងបានឯកភាព ទាំងពុំទាន់បានឯកភាព)។
គណៈកម្មការរដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំ សមាជិក សមាជិការដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅវិមានរដ្ឋសភា ដើម្បីពិនិត្យសិក្សា ទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានជម្រាបជូនកិច្ចប្រជុំថា កិច្ចការព្រំដែនជាកិច្ចការអាទិភាពមួយដ៏មានសារៈសំខាន់បំផុត ជាអាយុជីវិតរបស់ជាតិ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាអាទិភាពខ្ពស់បំផុត ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងនយោបាយ សំដៅធានារក្សាការពារមិនឱ្យមានការរំលោភបាន ជាដាច់ខាត នូវអធិបតេយ្យនិងបូរណភាពទឹកដីនៃកម្ពុជា។
ចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់បច្ចុប្បន្ន កិច្ចការព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ត្រូវបានដឹកនាំគ្រប់គ្រងដោយអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងមានលេខាធិការដ្ឋានអចិន្ត្រៃយ៍មួយជាសេនាធិការដែលដឹកនាំដោយ ឯកឧត្តម វ៉ា គីមហុង អតីតទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងនីតិកាលទី៦ នៃរដ្ឋសភា កន្លងទៅ។
ក្រោមការដឹកនាំនិងចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ របស់សម្តេច តេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការចរចាយ៉ាងស្វិតស្វាញប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់បំផុត ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិត ខាង ដោយប្រកាន់ខ្ជាប់ឥតងាករេ នូវឧត្តមគតិស្នេហាជាតិដ៏ស្មោះត្រង់បំផុត ក្នុងកិច្ចការពារថែរក្សាឱ្យបានជាដាច់ខាតនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី ដែលរហូត មកដល់ពេលបច្ចុប្បន្ន សម្រេចបាននូវសមិទ្ធផលជាតិ ជាប្រវត្តិសាស្ត្រទាក់ទងនឹងព្រំដែនគោកនៃកម្ពុជា ជាមួយប្រទេសជិតខាង ដែលមាន ជាអាទិ៍៖ (ទី១) បានធ្វើការខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម បានចំនួន ៨៤% (ទី២)- បានធ្វើការត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែនគោកកម្ពុជា-ឡាវ បានចំនួន ៨៦% និង (ទី៣) បានរកឃើញបង្គោលព្រំដែនគោកកម្ពុជា-ថៃ ចំនួន៧៣ទីតាំង ស្មើនឹង៧៤បង្គោល ដែលក្នុងនោះ បានឯកភាពគ្នាចំនួន៤២ទីតាំង ស្មើនឹង៤២បង្គោល និងពុំទាន់បានឯកភាពគ្នាចំនួន៣១ទីតាំង ស្មើនឹង៣២បង្គោល។
រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តចាត់ទុកកិច្ចការព្រំដែន ដែលជាកិច្ចការដ៏មានសារៈសំខាន់បំផុតជាអាយុជីវិតរបស់ជាតិ គឺជាអាទិភាពខ្ពស់បំផុតរបស់ខ្លួន ដែលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ដោយប្រកាន់ខ្ជាប់ឥតងាករេនូវឧត្តមគតិស្នេហាជាតិដ៏ស្មោះត្រង់បំផុត ក្នុងការការពារនិងថែរក្សាឱ្យបានដាច់ខាតនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃកម្ពុជា។
ក្នុងន័យនេះ ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជំនួសឱ្យអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ធ្វើឡើងក្នុងគោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយ ដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ព្រមទាំងអាចស្រូបទាញបន្ថែមនូវធនធានមនុស្សដែលមានសមត្ថភាព ជំនាញពិតប្រាកដ ទាំងផ្នែកបច្ចេកទេស ច្បាប់ជាតិ ច្បាប់អន្តរជាតិ និងជំនាញពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបន្តបេសកកម្មដ៏ពិសិដ្ឋ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។ ការពង្រឹងកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី និងការលើកស្ទួយការថែរក្សាសមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យឋិតថេរគង់វង្សយូរអង្វែង ទុកជាមរតកដ៏ឧត្តុង្គឧត្តមជូនកូនខ្មែរគ្រប់ជំនាន់។
ជារួម គំនិតផ្តួចផ្ដើមក្នុងការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះ ធ្វើឡើងក្នុងចក្ខុវិស័យដើម្បីឈានទៅកសាងខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ទាំងព្រំដែនគោកនិងព្រំដែនសមុទ្រ ប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ជាតិនិងច្បាប់អន្តរជាតិ និងគោលការណ៍ព្រំដែនមិនកែប្រែ នៅពេលកម្ពុជាទទួលបានឯករាជ្យ។
បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវការពន្យល់ និងមតិបំភ្លឺរបស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រួចមក ជួសមុខឲ្យគណៈកម្មការរដ្ឋសភា ឯកឧត្តម អង្គ វង្សវឌ្ឍានា បានថ្លែងគាំទ្រទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះទាំងស្រុង ដោយពុំមានការកែប្រែអ្វីឡើយ។ ឯកឧត្តម ប្រធានគណៈកម្មការ បញ្ជាក់ថា គណៈកម្មការនឹងធ្វើរបាយការណ៍ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាពេលខាងមុខ ដោយចាត់ទុកជាការប្រញាប់ ៕